![(វីដេអូ) យុវជនខ្មែរមួយក្រុម ច្នៃប្រឌិតបង្កើតយន្តហោះគប់ បញ្ជាដោយតេឡេហោះលើអាកាសបាន គួរឱ្យសរសើរ!](https://brocheabrey.com/wp-content/uploads/2021/10/Khom-1585.jpg)
(វីដេអូ) យុវជនខ្មែរមួយក្រុម ច្នៃប្រឌិតបង្កើតយន្តហោះគប់ បញ្ជាដោយតេឡេហោះលើអាកាសបាន គួរឱ្យសរសើរ!
ជីវិតជាក្មេងកំព្រាឪពុកម្តាយ តាំងពីកុមារភាពមកនោះ ប្អូនប្រុស ជឿន ចននី បានរសាត់អណ្តែតទៅរស់នៅជាមួយគេ និង ទៅរស់នៅតាមអង្គការពីកន្លែងមួយទៅកន្លែងមួយ ប៉ុន្តែប្អូនប្រុសបានតស៊ូ និង ព្យាយាមជម្នះគ្រប់ឧបសគ្គទាំងឡាយដើម្បីខំសិក្សារៀនសូត្ររកពន្លឺក្នុងជីវិតរបស់ខ្លួនឱ្យត្រចះត្រចង់នាពេលអនាគត។
បច្ចុប្បន្ននេះ ចននី បានបង្កើតក្រុមមួយហៅថា «ក្រុមគំនិត» ដែលមានរូបគេជាអ្នកដឹកនាំ ដែលក្រុមនេះត្រូវបានគេចាត់ទុកថាជាក្រុមអ្នកវិទ្យាសាស្ត្រវ័យក្មេងបានបង្កើត និង ផលិតយន្តហោះគប់ ឬ យន្តហោះបញ្ជាដោយតេឡេក្នុងចម្ងាយយ៉ាងឆ្ងាយ។
ក្រៅពីបង្កើត ឬ ផលិតយន្តហោះគប់ និង យន្តហោះបញ្ជាដោយតេឡេនោះ ចននី ក៏មានគម្រោងផលិតយន្តហោះ ដែលមនុស្សអាចជិះបានពី ២ ទៅ ៣ នាក់ផងដែរ ប៉ុន្តែវាក៏អាស្រ័យលើថវិកា ការគាំទ្រពីមហាជន និង រដ្ឋាភិបាលផងដែរ។
ពេលជួបជាមួយ «ប្រជាប្រិយ» ប្អូនប្រុស ជឿន ចននី បានរៀបរាប់ថា ៖ «ខ្ញុំកើតមកមិនស្គាល់ឪពុកម្តាយនោះទេ គឺខ្ញុំរស់នៅជាមួយគេ នៅក្នុងខេត្តកំពង់ចាម។ នៅពេលអាយុ ៣ ឆ្នាំ មានគ្រួសារមួយបានយកខ្ញុំមកចិញ្ចឹមនៅក្នុងទីក្រុងភ្នំពេញ ហើយនៅអាយុ ៨ ឆ្នាំ គេបានឈប់ចិញ្ចឹម ខ្ញុំក៏បានទៅរស់នៅ និង សិក្សារៀនសូត្រនៅក្នុងអង្គការ ដោយបន្តពីអង្គការមួយទៅអង្គការមួយ។ ចាប់តាំងពីដឹងក្តីមក ខ្ញុំមានបំណងចង់ក្លាយជាអ្នកបើកបរយន្តហោះ និង ធ្វើយន្តហោះនេះ តាំងពីពេលនោះមកម្ល៉េះ។
ខ្ញុំចាប់ផ្តើមគម្រោងស្រាវជ្រាវធ្វើយន្តហោះនេះ នៅក្នុងឆ្នាំ ២០០៥ នៅពេលនោះ មិនមានអ៊ិនធើណេត និង យូធូបក្នុងការស្រាវជ្រាវនោះទេ គឺមានតែការអានតាមកាសែត និង ទស្សនាវដ្តី នៅពេលអានទាក់ទងនឹងបច្ចេកវិទ្យា ឬ បច្ចេកទេសធ្វើយន្តហោះ ខ្ញុំតែងតែកាត់វាមកចង់ក្រងជាឯកសារ ដើម្បីយកមកធ្វើការវិភាគពីរបៀបធ្វើយន្តហោះ ដោយយើងយកចំណុចរួម ប៉ុន្តែនៅពេលនោះ ការស្រាវជ្រាវមិនបានទទួលលទ្ធផលអ្វីទាំងអស់»។
យុវជន ចននី បានបន្តទៀតថា ៖ «នៅពេលខ្ញុំចូលរៀននៅថ្នាក់វិទ្យាល័យ នៅឆ្នាំ ២០០៧ ឯកសាររៀននៅថ្នាក់វិទ្យាល័យ លើមុខវិជ្ជារូបវិទ្យា ក៏មានសរសេរ ឬ បង្រៀនពីរបៀបធ្វើយន្តហោះនេះដែរ ដូច្នេះវាជាមូលដ្ឋានគ្រឹះសម្រាប់រូបខ្ញុំធ្វើយន្តហោះនេះ។ លុះដល់ក្រោយមកទៀត មានជនជាតិអូស្ត្រាលីម្នាក់ គាត់មកលេងនៅក្នុងអង្គការរបស់ខ្ញុំ (អង្គការប៊ីឡិច) ហើយគាត់បានសួរមកខ្ញុំថា ធំឡើងចង់ធ្វើអ្វី? ខ្ញុំក៏បានឆ្លើយទៅវិញថា ចង់ក្លាយជាអ្នកបើកបរយន្តហោះ និង ធ្វើយន្តហោះ ពេលនោះគាត់ក៏បានណែនាំឱ្យខ្ញុំចេះប្រើប្រាស់អ៊ិនធឺណេត ដើម្បីធ្វើការស្រាវជ្រាវពីរបៀបធ្វើយន្តហោះនេះ។
ពេលគាត់វិលត្រឡប់ទៅប្រទេសគាត់វិញ គាត់បានផ្ញើសៀវភៅជាច្រើនក្បាលទាក់ទងនឹងការធ្វើយន្តហោះនេះឱ្យខ្ញុំ។ បន្ទាប់មក ខ្ញុំក៏ចាប់ផ្តើមធ្វើវា ប៉ុន្តែការធ្វើមុនដំបូងមិនទទួលបានជោគជ័យឡើយ ខ្ញុំក៏ចាប់ផ្តើមធ្វើការស្រាវជ្រាវបន្តទៀត ពេលនោះអាយុជាង ១០ ឆ្នាំប៉ុណ្ណោះ។ រហូតដល់ឆ្នាំ ២០១៣-២០១៤ ពេលដែលខ្ញុំចូលរៀននៅថ្នាក់ទី ១២ ខ្ញុំបានស្រាវជ្រាវធ្វើយន្តហោះគប់ ដោយទទួលបានជោគជ័យ គឺមិនចាញ់ខ្យល់ និង មានភាពរឹងមាំ អាចគប់បង្ហោះបានចម្ងាយពី ៣០ ទៅ ៤៥ ម៉ែត្រ។
យន្តហោះប្រភេទគប់ ដែលប្អូនប្រុស ជឿន ចននី ធ្វើលក់រាល់ថ្ងៃនេះ មាន ៣ ប្រភេទ គឺប្រភេទធុនតូចជាងគេលក់ក្នុងតម្លៃពី ៣ ដុល្លារ ទៅ ៤ ដុល្លារ ប្រភេទយន្តហោះធុនមធ្យមលក់ក្នុងតម្លៃពី ៥ ដុល្លារ ទៅ ៦ ដុល្លារ និង ប្រភេទធំជាងគេ លក់ក្នុងតម្លៃពី ១០ ដុល្លារទៅ ១២ ដុល្លារ។
ដោយឡែក ចំពោះប្រភេទយន្តហោះ ដែលបញ្ជាការហោះហើរ ដោយប្រើតេឡេនោះ យុវវជន ចននី ធ្វើតែមួយប្រភេទប៉ុណ្ណោះ ដែលមានប្រវែង ៣.៣ ម៉ែត្រ លក់ក្នុងតម្លៃ ១៨០ ដុល្លារ ដែលអាចបញ្ជាការហោះហើរបានក្នុងរយៈកម្ពស់ពី ៥០ ម៉ែត្រ ទៅ ៧០ ម៉ែត្រ និង មានចម្ងាយចាប់ពី ១ គីឡូម៉ែត្រ ទៅ ២ គីឡូម៉ែត្រ ទៅតាមប្រភេទតេឡេបញ្ជាបានជិត ឬ ឆ្ងាយ។
យុវវជន ជឿន ចននី បានរៀបរាប់បន្តទៀតថា ៖ «ក្នុងការធ្វើយន្តហោះនេះ ធ្វើកាន់តែធំ គឺកាន់តែពិបាក ប៉ុន្តែយើងធ្វើវាបានជោគជ័យទាំងប្រភេទយន្តហោះគប់ និង ប្រភេទយន្តហោះបញ្ជាដោយតេឡេ។ ឥឡូវនេះ ខ្ញុំកំពុងចាប់ផ្តើមគម្រោងធ្វើយន្តហោះបញ្ជាដោយតេឡេ ប្រវែងជិត ១០ ម៉ែត្រ ប៉ុន្តែនៅពេលបញ្ជាការហោះហើរទាល់តែខ្ចីព្រលានគេហោះ។
នៅពេលបញ្ចប់គម្រោងយន្តហោះប្រវែងជិត ១០ ម៉ែត្រនេះ ខ្ញុំនឹងធ្វើយន្តហោះដែលមនុស្សអាចជិះបានពី ២ ទៅ ៣ នាក់ ប៉ុន្តែវាអាស្រ័យលើថវិកា និង ការគាំទ្រពីមជ្ឈដ្ឋានទូទៅ ជាពិសេសពីរដ្ឋាភិបាលផងដែរ គឺពួកខ្ញុំអាចធ្វើបាន នៅខ្វះតែធនធានថវិកាតែប៉ុណ្ណោះ។ នៅពេលនេះដែរ ខ្ញុំសូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ និង អង្គការ ជាពិសេសរដ្ឋាភិបាលមេត្តាជួយឧបត្ថម្ភ គាំទ្រដល់ក្រុមគំនិតរបស់ខ្ញុំផង ដើម្បីធ្វើការស្រាវជ្រាវពីការផលិតយន្តហោះនេះបន្តទៀត។
គួបញ្ជាក់ដែរថា បច្ចុប្បន្ន ជឿន ចននី មានអាយុ ៣០ ឆ្នាំ ក្រៅពីជាអ្នកដឹកនាំ ក្រុមគំនិត ដែលមានសមាជិកចំនួន ៨ នាក់ ក្នុងការស្រាវជ្រាវធ្វើយន្តហោះនោះ រូបលោកក៏ធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស និង បង្រៀនលើមុខជំនាញផ្នែកអេឡិចត្រូនិចនៅតាមអង្គការមួយចំនួនផងដែរ។
បច្ចុប្បន្ននេះ លោកកំពុងតែសិក្សាបន្តខាងផ្នែកព័ត៌មានវិជ្ជានៅសាកលវិទ្យាល័យ NPIC។ សមាជិកទាំង ៨ នាក់ នៅក្នុង ក្រុមគំនិត របស់ ចននី គឺជាកូនគ្រួសារអ្នកក្រីក្រ និង កូនកំព្រា ហើយកម្រៃដែលរូបគេបានមកពីបង្រៀន និង ធ្វើការនៅក្នុងអង្គការនោះ គឺមួយផ្នែកយកមកចិញ្ចឹម និង ឧបត្ថម្ភក្នុងការសិក្សារបស់ពួកគេ។
បើបងប្អូនមានទឹកចិត្តសប្បុរសធម៌ចង់ជួយឧបត្ថម្ភ គាំទ្រ និង លើកទឹកចិត្ត ឬ ជួយទិញយន្តហោះរបស់ ចននី គឺអាចទាក់ទងទៅប្អូនដោយផ្ទាល់ តាមរយៈលេខទូរស័ព្ទ៖ ០៩៨ ៣៣១ ២១៣ ៕
ចង់ដឹងថា យន្តហោះដែល ចននី និង ក្រុមរបស់គាត់បានធ្វើ អាចបង្ហោះបានយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖