អស្ចារ្យមែន! កូនខ្មែរមួយក្រុម ចេះនាំគ្នាបង្កើតគំរូកូនផ្កាយរណប បង្ហោះដោយជោគជ័យ ដើម្បីធ្វើរឿងនេះ
ថ្មីៗនេះ មហាជនបាននាំគ្នាកោតសរសើរជាខ្លាំង នូវការតស៊ូរបស់កូនខ្មែរមួយក្រុម ដែលជាសិស្សានុសិស្សមកពីកម្មវិធី E2STEM នៃវិទ្យាល័យព្រះយុគន្ធរ ដែលបាននាំគ្នាបង្កើតគំរូកូនផ្កាយរណប (CubeSat) មួយ បង្ហោះទៅក្នុងស្រទាប់បរិយាកាសទាបនៃផែនដី អាចប្រមូលទិន្នន័យពាក់ព័ន្ធនឹងឧតុនិយម និង អាកាសធាតុបាន គួរឱ្យស្ញើចសរសើរបំផុត។
បើតាមប្រភពពីគណនីដែលមានឈ្មោះ Vathana Sann បានបញ្ជាក់ឱ្យដឹងថា កូនផ្កាយរណបនេះ ត្រូវបានបង្ហោះចេញ ពីទីតាំងភូមិសាស្រ្តក្រុងសួង ខេត្តត្បូងឃ្មុំ នាវេលាម៉ោង ១២ និង ០០ ថ្ងៃត្រង់ កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ ដោយចំណាយ រយៈពេល ៤ ម៉ោង ក្នុងទិសដៅពីកើតទៅលិច។
កូនផ្កាយរណបនេះ ត្រូវបានដាក់នៅក្នុងធុងស្នោតូចមួយ ដែលមានរូបទង់ជាតិកម្ពុជានៅខាងក្រៅ និង មានលេខទូរស័ព្ទ នៅជាប់នឹងធុងស្នោនោះ បង្ហោះជាមួយប៉េងប៉ោងពណ៌ស។ តាមការរំពឹងទុក កូនផ្កាយរណបនេះ នឹងវិលត្រឡប់មកវិញ ហើយធ្លាក់នៅតំបន់ភូមិសាស្រ្ត ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ឬ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅអំឡុងម៉ោង ១៦ និង ០០។
គួរឱ្យដឹងផងដែរ មកទល់ពេលនេះ ក្រុមសិស្សានុសិស្ស ដែលជាអ្នកស្រាវជ្រាវទៅលើ គំរូកូនផ្កាយរណបខាងលើនេះ បានប្រទះឃើញកូនផ្កាយរណបរបស់ខ្លួនវិញហើយ ដែលបានធ្លាក់នៅឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និង ត្រៀមយកទិន្នន័យចេញពីផ្កាយរណបនោះ ដើម្បីទៅបន្តការស្រាវជ្រាវរបស់ខ្លួន៕