![«អូរទឹកវេទ» កំណប់ធម្មជាតិនៅជីផាត់ ថតពីលើអាកាសមានរាងដូចចំណិតខែ ស្អាតខ្លាំង](https://brocheabrey.com/wp-content/uploads/2021/10/b-27.jpg)
«អូរទឹកវេទ» កំណប់ធម្មជាតិនៅជីផាត់ ថតពីលើអាកាសមានរាងដូចចំណិតខែ ស្អាតខ្លាំង
«ជីផាត» ជាតំបន់សហគមន៍អេកូទេសចរណ៍ធម្មជាតិដ៏ប្រណីតមួយប្រចាំខេត្តកោះកុង កំពុងខាបអន្ទងយកដួងវិញ្ញាណរបស់ភ្ញៀវទេសចរជាតិ អន្តរជាតិឱ្យទៅលេងនៅទីនោះ។ អ្នកទេសចរអាចធ្វើដំណើរទៅលេងកម្សាន្តនៅទីនោះបាន ដោយចេញដំណើរពីចំណុចអណ្តូងទឹកក្នុងស្រុកស្រែអំបិល កាត់តាមផ្លូវលំក្នុងព្រៃចម្ងាយប្រហែលជាង ១៧ គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។
«ជីផាត» ជាទីស្ថានប្រកបទៅដោយទេសភាពធម្មជាតិដ៏ស្រស់ស្អាត និង មានកន្លែងកម្សាន្តដ៏សម្បូរបែបជាច្រើន ដូចជា ផ្នូរបុរាណ ពាងបុរាណមានអាយុកាលជាង ៥០០ ឆ្នាំ រូងប្រចៀវ ភ្នំត្រងោល និង ឆាយខ្ពស់ ជាដើម។ នៅក្នុងចំណោមកន្លែងកម្សាន្តទាំងនោះគេឃើញមានទឹកធ្លាក់ធម្មជាតិមួយកន្លែង ដែលអ្នកទេសចរកម្រនឹងរំលងហួសនោះគឺ «អូរទឹកវេទ»។
និយាយពី «អូរទឹកវេទ» នេះ បើគន់មើលទៅមានរាងដូចចំណិតព្រះខែកណ្តាលចំណោមពិភពធម្មជាតិ រួមផ្សំទៅនឹងទិដ្ឋភាពទឹកធ្លាក់ថ្លាឆ្វង់ជះចំហាយត្រជាក់មកប៉ះកាយាទៀតនោះ បានបង្កើតជាទស្សនីយភាពគួរគាប់នេត្រាមួយ ដែលស័ក្តិសមបំផុតសម្រាប់អ្នកចូលចិត្តធ្វើដំណើរផ្សងព្រេង និង អ្នកទេសចរទាំងឡាយចូលទៅលេងកម្សាន្តនាឱកាសសម្រាកលម្ហែពីការងារផ្សេងៗ។
មិនត្រឹមតែប៉ុណ្ណោះ អ្នកទេសចរក៏អាចងូតទឹក រៀបចំអាហារដោយខ្លួនឯង ថតរូបទុកជាអនុស្សាវរីយ៍ បោះតង់គេងស្តាប់សំឡេងទឹកធ្លាក់ គយគន់អំពិលអំពែកនាពេលរាត្រី និង គយគន់ហ្វូងផ្កាយរាប់រយពាន់ ជាដើម នៅទីតាំងនេះបានផងដែរ៕
រូបភាពដោយ៖ Panharoth Kim