![លោកស្រីមេធាវី ម៉េង សុភារី បកស្រាយច្បាស់ៗ រឿងខ្ចីលុយយកការប្រាក់លើសច្បាប់កំណត់ ក្រោយផ្ទុះរឿង ខ្ញុង](https://brocheabrey.com/wp-content/uploads/2021/10/BeBe-25-10-2021-03.jpg)
លោកស្រីមេធាវី ម៉េង សុភារី បកស្រាយច្បាស់ៗ រឿងខ្ចីលុយយកការប្រាក់លើសច្បាប់កំណត់ ក្រោយផ្ទុះរឿង ខ្ញុង
នៅក្នុងសង្គមបច្ចុប្បន្នមិនថានៅប្រទេសកម្ពុជា ឬ ប្រទេសមួយចំនួនទៀតជុំវិញពិភពលោកឡើយ តែងតែកើតមានបញ្ហាឱ្យខ្ចីប្រាក់ដោយយកការប្រាក់ខ្ពស់ ដូច្នេះហើយទើបប្រទេសជាច្រើនរួមទាំងប្រទេសកម្ពុជាយើង បានបង្កើតបញ្ញត្តិដោយកម្រិតលើអត្រាការប្រាក់ត្រឹម ១៨% ក្នុងមួយឆ្នាំ។
ទោះបីជាបទបញ្ញត្តិនៃការកម្រិតការប្រាក់នេះ មានចែងក្នុងក្រមរដ្ឋប្បវេណីក៏ដោយ ក៏បញ្ហាយកការប្រាក់លើសពីច្បាប់កំណត់នេះ នៅតែកើតមានឡើងដដែល។ ដូច្នេះតើត្រូវដោះស្រាយបែបណាពេលមានបញ្ហានេះកើតឡើង?
យោងតាមការបង្ហោះរបស់ លោកស្រីមេធាវី ម៉េង សុភារី តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក បានបកស្រាយច្បាស់ៗលើបញ្ហានេះ ដោយលោកស្រីបានរៀបរាប់យ៉ាងលម្អិតជុំវិញបញ្ហានេះ ដែលពេលនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន។
លោកស្រីមេធាវី បានរៀបរាប់យ៉ាងលម្អិតដូចតទៅ ៖
១. តើត្រូវធ្វើដូចម្តេចនៅពេលម្ចាស់បំណុល និងកូនបំណុល ចុះកិច្ចសន្យាខ្ចីប្រាក់ក្នុងអត្រាការប្រាក់ខ្ពស់លើសពីច្បាប់កំណត់?
-ប្រសិនបើភាគីបានព្រមព្រៀងអត្រាការប្រាក់លើសពីអត្រាការប្រាក់ដែលមានកម្រិតក្នុងច្បាប់ ចំនួនដែលលើសនោះ ត្រូវទុកជាមោឃៈ ដូច្នេះកូនបំណុល មានករណីកិច្ចសងតែចំពោះការប្រាក់តាមច្បាប់តែប៉ុណ្ណោះ ។
-ក្នុងករណីដែលកូនបំណុល បានសងការប្រាក់ដែលលើសពីការប្រាក់តាមច្បាប់ ចាត់ទុកថាចំនួនដែលលើសនោះ ជាការកាត់បំណុលទៅលើប្រាក់ដើម ។
-ក្នុងករណីកាត់បំណុលទៅលើប្រាក់ដើម ចំពោះចំនួនដែលលើសហើយនៅសល់ទៀត ម្ចាស់បំណុលត្រូវសងទៅឱ្យកូនបំណុល ដោយភ្ជាប់ជាមួយប្រាក់សំណង នៃការខូចខាត ដែលគណនាតាមអត្រាការប្រាក់កំណត់ដោយច្បាប់ ដោយគិតចាប់ពីថ្ងៃដែលបានបង្កើតឱ្យមានការសេសសល់នៃការសងរហូតដល់ថ្ងៃ ដែលបានសងនោះ ។
កូនបំណុលអាចប្តឹងទៅតុលាការសុំសងការប្រាក់ទៅតាមច្បាប់ និងមានសិទ្ធិសុំឱ្យគណនាការប្រាក់ដែលបង់លើសចូលជាប្រាក់ដើមបាន ។ (មាត្រា៥៨៥ នៃក្រមរដ្ឋប្បវេណី និងប្រកាសលេខ១២៨ កយប្រក/១១ របស់ទីស្តីការក្រសួងយុត្តិធម៌) ។
២. សិទ្ធិរបស់កូនបំណុលក្នុងការលុបចោលកិច្ចសន្យា
កូនបំណុលអាចប្តឹងសុំឱ្យលុបចោលកិច្ចសន្យាបាន ប្រសិនបើមានភស្តុតាងបង្ហាញថា
-កិច្ចសន្យាត្រូវបានធ្វើឡើងដោយអំពើឆ្លៀតឱកាស ដោយមានគោលបំណងកេងយកចំណេញហួសហេតុ ក្នុងពេលដែលកូនបំណុលកំពុងជួបប្រទះការលំបាកខាងផ្នែកសេដ្ឋកិច្ច ឬភាពឆោតល្ងង់ ឬខ្វះការពិសោធន៍ ។
-កិច្ចសន្យាដែលធ្វើឡើងដោយការភ័ន្តច្រឡំ ឬដោយការឆបោក ឬដោយការគម្រាមកំហែង។
-កិច្ចសន្យាដែលធ្វើឡើងដោយការរំលោភទៅលើស្ថានភាព នៅពេលធ្វើកិច្ចសន្យាភាគីម្ខាងបានប្រើឋានៈខ្លួនដែលមានអទិភាពជាងកូនបំណុលខាងផ្នែកសេដ្ឋកិច្ច ឬផ្នែកសង្គម ឬបានប្រើស្ថានភាពផ្សេងទៀតដែលកូនបំណុលមិនអាចប្រឆាំងតបតបាន ។ (មាត្រា៣៤៥ ដល់៣៥៣ នៃក្រមរដ្ឋប្បវេណី)។
ទោះបីយ៉ាងណា ការបង្កើតបំណុលត្រូវបង្កើតដោយការពិចារណា ដោយបញ្ញា ដោយមានផែនការច្បាស់លាល់ ដោយការយកបំណុលទៅប្រើដោយស្របច្បាប់ ដោយមានមូលដ្ឋានសំណង ជៀសវាងធ្លាក់ក្នុងវិបត្តិដ៏ជ្រៅពិបាកដកខ្លួន ឬដកខ្លួនមិនរួច៕