![បន្ទាន់! រដ្ឋបាលខណ្ឌដង្កោ ប្រកាសឱ្យពលរដ្ឋ ៩ សង្កាត់នេះប្រុងប្រយ័ត្ន ទឹកស្ទឹងព្រែកត្នោតហក់ឡើងខ្លាំងហើយ](https://brocheabrey.com/wp-content/uploads/2021/10/FI២៩៩.jpg)
បន្ទាន់! រដ្ឋបាលខណ្ឌដង្កោ ប្រកាសឱ្យពលរដ្ឋ ៩ សង្កាត់នេះប្រុងប្រយ័ត្ន ទឹកស្ទឹងព្រែកត្នោតហក់ឡើងខ្លាំងហើយ
រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញថាជំនន់ទឹកភ្លៀងនៅកម្ពុជា ហាក់មានការហក់ឡើងគួរឱ្យកត់សម្គាល់ ដោយតំបន់ទំនាបមួយចំនួន មានការលិចលង់ ឬ ទឹកចាប់ផ្តើមហៀរចូលផ្ទះ។
នៅរាត្រីថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២១ នេះ រដ្ឋបាលសង្កាត់ស្ពានថ្ម បានប្រកាសឱ្យដឹងថា ស្ថានភាពទឹកស្ទឹងព្រែកត្នោតកំពុងមានការកើនឡើងខ្លាំង ព្រោះតែមានភ្លៀងធ្លាក់ជាប់គ្នាមិនដាច់ ដែលជាហេតុសូមឱ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមសណ្តស្ទឹងព្រែកត្នោតទាំងអស់ ត្រៀមខ្លួនទុកជាមុន និង បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ករណីដែលអាចមានទឹកជន់។
បន្ថែមពីនេះយោងតាមរបាយការណ៍របស់មន្ត្រីធនធានទឹក និង ឧតុនិយមដែលប្រចាំការនៅស្ថានីយស្ពាន ៧ មករា បានបញ្ជាក់បន្ថែមថា ពេលនេះកម្ពស់ទឹកគឺមានកម្ពស់ ៥.៤០ ម៉ែត្រ។ ស្របពេលជាមួយគ្នានេះ មន្ត្រីអាជ្ញាធរក៏បានកំពុងត្រៀមកម្លាំងដើម្បីត្រៀមទូកទុកជួយសង្គ្រោះ ក្នុងករណីដែលទឹកនៅតែបន្តជន់ឡើងដើម្បី ចៀសវាងបញ្ហាគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងជាយថាហេតុ៕
ប្រភព៖ នគរបាលរដ្ឋបាលសង្កាត់ស្ពានថ្ម, រដ្ឋបាលខណ្ឌដង្កោ & ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ