![សម្ពាយនេះធ្ងន់ណាស់បង! បើមិនអាណិតអូន គួរអាណិតកូននៅតូចណាស់ អូនបំពេញភារកិច្ចជាភរិយានេះចុងក្រោយសម្រាប់បង](https://brocheabrey.com/wp-content/uploads/2021/10/Khom-1662.jpg)
សម្ពាយនេះធ្ងន់ណាស់បង! បើមិនអាណិតអូន គួរអាណិតកូននៅតូចណាស់ អូនបំពេញភារកិច្ចជាភរិយានេះចុងក្រោយសម្រាប់បង
មហាជននៅក្នុងបណ្ដាញសង្គម បាននាំគ្នាសម្ដែងការសោកស្ដាយជាខ្លាំង ក្រោយបានឃើញក្រុមគ្រួសារមួយត្រូវប្រាសចាកគ្នាទាំងអាល័យ ដោយមេគ្រួសារត្រូវបានបាត់បង់ជីវិត ចាកចោលភិរិយាជាទីស្រឡាញ់ និង កូនតូចប្រុសស្រីចំនួន ២ នាក់ គួរឱ្យអាណិតបំផុត។
ចំពោះការបាត់បង់នេះ ស្ត្រីដែលជាភរិយា បានបង្ហោះសារនៅលើគណនីរបស់ខ្លួន រៀបរាប់ទុក្ខសោក និង ក្ដីអាឡោះអាល័យឱ្យបានដឹងថា ៖ «សម្ពាយនេះធ្ងន់ណាស់បង បើមិនអាណិតអូន គួរអាណិតកូននៅតូចណាស់ អូនបំពេញភារកិច្ចជាភរិយា នេះចុងក្រោយសំរាប់បង។ កាព្វកិច្ចដែលបងបន្សល់ឱ្យអូនធ្ងន់ណាស់ តែអូនសន្យានឹងធ្វើឱ្យបានល្អបំផុត អូននឹងការពារថែរក្សា អ្វីដែលបងបន្សល់ឱ្យ ថែកូនយើងទាំង ២ ឱ្យល្អបំផុត»។
ស្ត្រីជាភរិយា បានបន្តឱ្យដឹងទៀតថា ៖ «១ ខែដែលបងសន្លប់ អូនព្យាយាមហើយ តែនិស្ស័យយើងមានត្រឹមតែប៉ុណ្ណឹង ១០ ឆ្នាំ មានប៉ុន្មានដងទៀតសម្រាប់អូន។ បងហត់ហើយ បងគេងទៅ អូននឹងធ្វើជាម្តាយផង ឪពុកផង ហើយក៏នៅតែជាកូនប្រសារម៉ាក់ប៉ាបង បងថ្លៃ របស់ប្អូនៗបង ឱ្យល្អបំផុត។ អូនរឹងមាំដល់ថ្នាក់នេះ គឺបងអ្នកបង្រៀនអូនទាំងអស់ ទៅឱ្យបានសុខណា ប្តីសម្លាញ់»។
គួរឱ្យដឹងផងដែរថា បុរសដែលជាស្វាមី មានឈ្មោះ ធា ពីយ៉ាក់ បានទទួលមរណភាពក្នុងវ័យទើបតែ ២៨ ឆ្នាំ និង ត្រូវបានរៀបចំធ្វើពិធីបុណ្យសពតាមប្រពៃណី កាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២១។ តាមរយៈសាររៀបរាប់ពីស្ត្រីដែលជាភរិយា បានធ្វើឱ្យមហាជននាំគ្នាសម្ដែងការសោកស្ដាយ និង រំជួលចិត្តជាខ្លាំង នាំគ្នាផ្ញើសារចូលរួមរំលែកទុក្ខដល់គ្រួសារសព និង ជូនពរស្ត្រីជាម្ដាយ ឱ្យបន្តរឹងមាំ ដើម្បីមើលថែកូនតូចទាំង ២ ទៅថ្ងៃមុខទៀត៕