![ទម្លាយអាថ៌កំបាំង ពីទំនៀមបបូរមាត់ពាក់បន្ទះឈើរបស់ស្រីៗក្នុងកុលសម្ព័ន្ធមួយ នៅប្រទេសអេត្យូពី](https://brocheabrey.com/wp-content/uploads/2021/10/feature-16.jpg)
ទម្លាយអាថ៌កំបាំង ពីទំនៀមបបូរមាត់ពាក់បន្ទះឈើរបស់ស្រីៗក្នុងកុលសម្ព័ន្ធមួយ នៅប្រទេសអេត្យូពី
កុលសម្ព័ន្ធ Mursi គឺជាកុលសម្ព័ន្ធមួយដែលរស់នៅក្នុងតំបន់ដាច់ស្រយាល Oma Valley នៅប្រទេសអេត្យូពី។ កុលសម្ព័ន្ធមួយនេះ គឺទទួលបានភាពល្បីល្បាញ ដោយសារតែទំនៀមដ៏ចម្លែកខុសគេមួយ ដែលស្រីៗកាត់បបូរមាត់ពាក់បន្ទះឈើ។
ទំនៀមទម្លាប់បបូរមាត់ពាក់បន្ទះឈើរបស់ស្រីៗក្នុងកុលសម្ព័ន្ធ Mursi ក្មេងស្រីត្រូវកាត់វះបបូរមាត់ផ្នែកខាងក្រោម (ពេលខ្លះកាត់ដោយម្ដាយរបស់នាង) នៅពេលនាងឈានដល់វ័យ ១៥ ឬ ១៦ ឆ្នាំ និងបើកចំហស៊កដោយបន្ទះឈើរហូតទាល់មុខរបួសជាសះស្បើយ។
បន្ទះឈើស៊កបបូរមាត់ ជាញឹកញាប់ត្រូវបានពាក់ដោយក្មេងស្រីមិនទាន់រៀបការ និង ក្មេងស្រីដែលទើបរៀបការហើយថ្មីថ្មោងជាជាងស្ត្រីចំណាស់រៀបការមានកូនចៅហើយ។ ជាធម្មតា បន្ទះស៊កបបូរមាត់នេះ គឺពាក់ក្នុងឱកាសមួយចំនួន ដូចជា ពេលលើកចំណីអាហារឱ្យប្រុសៗ ការទៅច្របាច់យកទឹកដោះគោ និង ពិធីទំនៀមទម្លាប់សំខាន់នានាមួយចំនួនទៀត ដូចជាពិធីរៀបការ ជាដើម។
ក្មេងស្រីដែលមិនទាន់រៀបការ ជាពិសេសអ្នកដែលពាក់បន្ទះឈើធំៗ តែងតែត្រូវពាក់ពួកវា រាល់ពេលដែលពួកគេនៅតាមទីសាធារណៈ។ បន្ទះឈើពាក់បបូរមាត់របស់កុលសម្ព័ន្ធ Mursi គឺបង្កប់អត្ថន័យដូចជា ៖
១. ជាសញ្ញាបញ្ជាក់ភាពស្រស់ស្អាត
២. តំណាងឱ្យភារកិច្ចធ្វើសម្រាប់ប្ដី ព្រោះវាបង្ហាញពីតម្លៃយ៉ាងមហស្ចារ្យនៅពេលបម្រើអាហារដល់ប្ដី។ ប្រសិនបើប្ដីស្លាប់ បន្ទះឈើនោះនឹងត្រូវដោះចេញ ដោយសារតែភាពស្រស់ស្អាតរបស់ស្ត្រី គឺត្រូវបានចាត់ទុកថានឹងរលាយបាត់បង់ ក្រោយប្ដីរបស់នាងស្លាប់។
៣. បន្ទះឈើនោះ គឺជាសញ្ញាដ៏ខ្លាំងក្លាមួយបញ្ជាក់ពីអត្តសញ្ញាណកុលសម្ព័ន្ធ Mursi។ គ្មានបន្ទះនេះ ពួកគេប្រឈមហានិភ័យនឹងត្រូវបានយល់ច្រឡំជាសមាជិកនៃកុលសម្ព័ន្ធដទៃ៕
ប្រភព៖ ICDO