![គិតត្រឹមខែកញ្ញា ២០២១ នេះ Youtube រកចំណូលពីការផ្សាយពាណិជ្ជកម្មបានជាង ១៣ ពាន់លានដុល្លារ](https://brocheabrey.com/wp-content/uploads/2021/10/FI២៨០.jpg)
គិតត្រឹមខែកញ្ញា ២០២១ នេះ Youtube រកចំណូលពីការផ្សាយពាណិជ្ជកម្មបានជាង ១៣ ពាន់លានដុល្លារ
នាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញថាប្រព័ន្ធផ្សព្វផ្សាយយូធូប គឺទទួលបានការគាំទ្រយ៉ាងខ្លាំង ជាពិសេសអំឡុងពេលកូវីដវាយលុក ដោយមានមនុស្សជាច្រើននាក់ បានងាកមកប្រើប្រាស់ និងតាមដាន។
លើសពីនេះទៅទៀត មានមនុស្សមិនតិចនាក់នោះឡើយ ដែលបានប្រែខ្លួនទៅជាអ្នកបង្កើតវីដេអូ ដើម្បីរកប្រាក់ចំណូលពីយូធូបនៅក្នុងឆ្នាំ ២០២១ នេះ ដោយកម្រិតប្រាក់ចំណូល គឺអាស្រ័យទៅតាមចំនួនអ្នកទស្សនា និង ប្រភេទវីដេអូ ដែលបានបង្កើត។ ជារៀងរាល់ឆ្នាំយូធូបតែងលើកទឹកចិត្តដល់អ្នកផលិតវីដេអូ ដោយឱ្យប្រាក់កម្រៃក្នុងកម្រិតគួរសមមួយ ដែលធ្វើឱ្យមនុស្សមួយចំនួន សុខចិត្តលះបង់អាជីពការងារប្រចាំថ្ងៃ មកធ្វើការជា Youtuber ពេញម៉ោងក៏មាន។
អ្នកមានដឹងទេថា ប្រាក់ចំណូលដែលយូធូបផ្តល់ឱ្យ គឺភាគច្រើនបានមកពីដៃគូសហការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលងាកមកចាប់ដៃគូជាមួយប្រព័ន្ធផ្សព្វផ្សាយមួយនេះ។ ខណៈពេលដែលអាជីវកម្មភាគច្រើនជួបឧបសគ្គព្រោះវិបត្តិកូវីដ-១៩ ផ្ទុយទៅវិញ យូធូប បែរជាក្តោបឱកាសនេះ ចាប់យកដៃគូពាណិជ្ជកម្មកើនបន្ថែមរាប់ម៉ឺនក្រុមហ៊ុន ដែលធ្វើឱ្យប្រាក់ចំណូល ពីការផ្សាយពាណិជ្ជកម្មគិតត្រឹមខែកញ្ញា ឆ្នាំ ២០២១ នេះ បានជាង ១៣.០១ ពាន់លានដុល្លារ ដែលកើនឡើងជាង ៨៤% ធៀបទៅនឹងឆ្នាំមុន៕
ប្រភព៖ Alphabet Newsroom