![ទើបតែដឹង! នៅកម្ពុជាមានបង្គួយ ៣ ប្រភេទ មានស្លាបអាចហោះបាន និងមានលក្ខណៈពិសេសបែបនេះ](https://brocheabrey.com/wp-content/uploads/2021/10/b-47.jpg)
ទើបតែដឹង! នៅកម្ពុជាមានបង្គួយ ៣ ប្រភេទ មានស្លាបអាចហោះបាន និងមានលក្ខណៈពិសេសបែបនេះ
បង្គួយហោះ ឬ បង្គួយស្លាប ជាឧរង្គសត្វ ដែលមានស្បែកពិសេសនៅឆ្នឹងជំនី អាចត្រដាង ដើម្បីសម្រាលខ្លួន នៅពេលហក់ពីទីតាំងមួយ ទៅទីតាំងមួយ ពីដើមឈើមួយ ទៅដើមឈើមួយទៀត។ ជាទូទៅ បង្គួយប្រភេទនេះ តែងហោះស៊ីសត្វល្អិតជាអាហារ ជាពិសេសស្រមោចខ្មៅ ចង្រិត និង កណ្តៀរ ជាដើម។
យោងតាមរបាយការណ៍ជាតិ ស្តីពីស្ថានភាពជីវៈចម្រុះនៅកម្ពុជា ឆ្នាំ ២០១៦ បានឱ្យដឹងថា នៅកម្ពុជាយើង មានបង្គួយហោះចំនួន ៣ ប្រភេទដែលមានដូចជា ៖
១. Draco indochinensis Smith, 1928
វាគឺជាប្រភេទបង្គួយហោះ ដែលមានទីជម្រក ជាព្រៃស្រោង និង ព្រៃពាក់កណ្តាលស្រោង។ បង្គួយនេះមានខ្នងពណ៌ត្នោតប្រផេះ និង មានស្នាមអុជៗ ស្បែកគល់កមានពណ៌ខ្មៅ ហើយអាចហក់ទំលាក់ខ្លួន ពីទីតាំងខ្ពស់ទៅទីតាំងទាបៗ ដូចប្រភេទតុកកែហោះដែរ។ បង្គួយនេះមានវត្តមានតែនៅកម្ពុជា និង ប្រទេសវៀតណាមប៉ុណ្ណោះ។ នៅកម្ពុជា បង្គួយនេះត្រូវបានកត់ត្រាដំបូងនៅ «បូកគោ» ក្នុងឆ្នាំ ១៩២៨ និង កត់ត្រាឡើងវិញ នៅឧទ្យានជាតិវ៉ើនសៃ និង ដែនជម្រកសត្វព្រៃកែវសីមា ក្នុងឆ្នាំ ២០០៣។
២. Draco maculatus Grey, 1845
វាគឺជាប្រភេទបង្គួយហោះ ដែលរស់នៅតាមតំបន់ ព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង និង ព្រៃរបោះ។ វាមានខ្នងពណ៌ប្រផេះ មានស្បែកក និង ចុងស្លាបពណ៌លឿង។ បច្ចុប្បន្ន បង្គួយនេះនៅពុំទាន់បានសិក្សាច្បាស់លាស់នៅឡើយ។ របាយបង្គួយនេះ ត្រូវបានរកឃើញនៅភាគខាងត្បូងប្រទេសចិន ភូមា ថៃ ឡាវ កម្ពុជា វៀតណាម និង ម៉ាឡេស៊ី។ នៅកម្ពុជា បង្គួយនេះត្រូវបានរកឃើញនៅតំបន់ជួរភ្នំក្រវាញភាគខាងលិច និងតាមកោះមួយចំនួន ដូចជាកោះកាពិ ក្នុងខេត្តកោះកុង នាឆ្នាំ ២០០៧។
៣. Draco taeniopterus Günther, 1861
វាគឺជាប្រភេទបង្គួយហោះ ដែលរស់នៅតាមតំបន់ព្រៃស្រោង និង ព្រៃពាក់កណ្តាលស្រោង។ ជាទូទៅ វាមានខ្នងពណ៌បៃតងត្នោត មានស្បែក-ក និង ចុងស្លាបពណ៌ឈាមជ្រូក។ របាយនៃប្រភេទបង្គួយនេះ ត្រូវបានរកឃើញនៅ ភាគខាងត្បូងប្រទេសភូមា ក្នុងប្រទេស ថៃ កម្ពុជា ភាគខាងត្បូងប្រទេសវៀតណាម និង ឧបទ្វីបម៉ាឡេស៊ី។ នៅកម្ពុជា បង្គួយនេះត្រូវបានរកឃើញតែនៅតំបន់ជួរភ្នំក្រវាញប៉ុណ្ណោះ ក្នុងឆ្នាំ ២០០៧៕
អត្ថបទ និង រូបភាពដោយ ៖ លោក សាមន វីរៈ មជ្ឈមណ្ឌល អភិរក្សជីវៈចម្រុះនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង បណ្ឌិត ឈិន សុភា នាយកដ្ឋានជីវៈចម្រុះ