![នៅចាំរឿងនំប៉័ងបញ្ចាំស្នេហ៍ទេ? ពេលនេះតួអង្គម្នាក់ៗទៅជាយ៉ាងណាហើយ?](https://brocheabrey.com/wp-content/uploads/2021/10/SR1-21.jpg)
នៅចាំរឿងនំប៉័ងបញ្ចាំស្នេហ៍ទេ? ពេលនេះតួអង្គម្នាក់ៗទៅជាយ៉ាងណាហើយ?
មហាជនអ្នកនិយមចូលចិត្តតាមដានខ្សែភាពយន្តភាគកូរ៉េ ប្រាកដជាមិនទាន់ភ្លេចនៅឡើយទេ នូវរឿងភាគមួយដ៏មានប្រជាប្រិយភាព ប្រចាំឆ្នាំ ២០១០ គឺរឿង «នំប៉័ងបញ្ចាំស្នេហ៍» ដែលធ្វើឱ្យអ្នកគាំទ្ររង់ចាំតាមដានស្ទើរដាច់បាយដាច់ទឹកនោះ។
ក្នុងនោះ រឿងភាគមួយនេះ ពិតជាទទួលបានការគាំទ្រទស្សនាច្រើនខ្លាំងណាស់ រហូតសឹងធ្វើឱ្យកក្រើកអស់តំបន់អាស៊ីតែម្តង ព្រោះតែដំណើរសាច់រឿងកាច់កុងគួរឱ្យជក់ចិត្តទស្សនា ហើយថែមទាំងទទួលបានពានរង្វាន់ជាច្រើនពីសំណាក់កម្មវិធីធំៗប្រចាំប្រទេសកូរ៉េថែមទៀតផង។
យ៉ាងណាមិញ បើក្រឡេកមកមើលតួអង្គវិញ គេសង្កេតឃើញថា រយៈពេលជាង ១០ ឆ្នាំមកនេះ ពួកគេម្នាក់ៗក៏បានវិវត្តន៍ខ្លួន និងបន្តដំណើរលើវិថីសិល្បៈរៀងៗខ្លួនផងដែរ ហើយអ្នកខ្លះក៏នៅមានប្រជាប្រិយភាពគួរសម អ្នកខ្លះទៀតក៏បាត់មុខឈឹងតែម្តង។ ដូចនេះ «ប្រជាប្រិយ» សូមលើកត្រួសៗពីជីវិតរបស់តួអង្គសម្តែងក្នុងរឿង «នំប៉័ងបញ្ចាំស្នេហ៍» នាពេលបច្ចុប្បន្នមកជូនប្រិយមិត្តទស្សនា៖
១. Yoon Shi-Yoon
តារាសម្តែងប្រុស Yoon Shi-Yoon ដែលប្រិយមិត្តស្គាល់ច្បាស់ណាស់ បានដើរជាតួឯកប្រុស Kim Tak-gu ។ លោក Yoon Shi-Yoon បានចាប់ផ្តើមប្រឡូកការងារសិល្បៈនៅក្នុងឆ្នាំ ២០០៩ ហើយស្រាប់តែបានមកផ្ទុះល្បីភ្លាមនៅក្នុងរឿង «នំប៉័ងបញ្ចាំស្នេហ៍» នេះ នាឆ្នាំ ២០១០ តែម្តង។ យ៉ាងណាមិញ ក្រោយពីបង្ហាញខ្លួននៅក្នុងរឿងនេះរួចមក លោកក៏បានបន្តស្រវាក្តោបរឿងភាគជាច្រើនទៀតជាបន្តបន្ទាប់ ប៉ុន្តែមិនសូវជាផ្ទុះប្រជាប្រិយភាពប៉ុន្មានឡើយ។ ហើយនៅក្នុងឆ្នាំ ២០២១ នេះ លោកក៏បានលេចមុខនៅក្នុងរឿង «You Raised Me up» ហើយក៏កំពុងតែត្រៀមលេចមុខនៅក្នុងរឿង «The Present is beautiful» បន្តទៀតនៅឆ្នាំ ២០២២ ខាងមុខនេះផងដែរ។ ដោយឡែក ចំពោះរឿងបេះដូងវិញ មកទល់អាយុ ៣៤ ឆ្នាំនេះ លោកនៅមិនលេចឮដំណឹងរឿងស្នេហាជាមួយនារីណាម្នាក់នោះទេ ពោលគឺបេះដូងនៅទំនេរស្អាតតែម្តង។
២. Joo Won
តារាប្រុស Joo Won បានដើរតួប្រុសរង Gu Ma Joon ។ Joo Won បានឈានជើងចូលវិស័យសិល្បៈជាអ្នកសម្តែងតាំងពីឆ្នាំ ២០០៦ មកម៉្លេះ តែទើបមកផ្ទុះទទួលបានចំណាប់អារម្មណ៍ខ្លាំងនៅក្នុងឆ្នាំ ២០១០ ក្នុងរឿងនំប៉័ងបញ្ចាំស្នេហ៍នេះឯង។ ក្រោយមកទៀត លោកបានបន្តសម្តែងនៅក្នុងរឿងភាគថ្មីទៀតជាច្រើន ហើយសន្ទុះការគាំទ្ររបស់លោកក៏ហាក់កើនឡើងមួយកម្រិតទៀតផងដែរ។ យ៉ាងណាមិញ នៅក្នុងឆ្នាំ ២០២០ កន្លងទៅ លោកក៏ទើបតែបានលេចមុខក្នុងរឿងភាគ «Alice» ប៉ុន្តែចំពោះឆ្នាំ ២០២១ នេះ គេនៅមិនទាន់បានឃើញមុខលោកនៅក្នុងរឿងភាគណាមួយឡើយ។ ចំណែករឿងស្នេហាវិញ ចាប់តាំងពីបានចែកផ្លូវគ្នាជាមួយតារាចម្រៀងស្រី BoA នៅឆ្នាំ ២០១៧ មក តារាប្រុសវ័យ ៣៤ ឆ្នាំរូបនេះ នៅមិនទាន់រកអ្នកថែបេះដូងថ្មីនៅឡើយនោះទេ។
៣. Lee Young Ah
តារាស្រី Lee Young Ah បានសម្តែងជាតួឯកស្រី Yang Mi-sun ។ តារាស្រីរូបនេះ បានប្រឡូកនៅក្នុងសិល្បៈតាំងពីអាយុ ១៩ ឆ្នាំមកម៉្លេះ ហើយបន្ទាប់ពីបានលេចមុខនៅក្នុងរឿងនំប៉័ងបញ្ចាំស្នេហ៍នេះ នាងក៏បានបន្តលេចមុខនៅក្នុងរឿងភាគជាបន្តបន្ទាប់ផងដែរ ដោយមានទាំងតំណែងជាតួឯក និងតួរង ប៉ុន្តែប្រជាប្រិយរបស់នាងហាក់មិនសូវមានសន្ទុះប៉ុន្មាននោះទេ។ យ៉ាងណាមិញ ចាប់តាំងពីការបង្ហាញខ្លួននៅក្នុងរឿង «Possessed» នាឆ្នាំ ២០១៩ មក គេហាក់មិនសូវឃើញនាងមានមុខនៅលើកញ្ចក់ទូរទស្សន៍ទៀតឡើយ។ ដោយឡែក ចំពោះរឿងបេះដូងវិញ តារាស្រីរូបនេះ បន្ទាប់ពីបានបែកបាក់ជាមួយអតីតមិត្តប្រុសតារាសម្តែងលោក Kang Eun Tak នៅឆ្នាំ ២០១៨ រួចមក នាងក៏បានសម្រេចចិត្តចូលរោងការសាងគ្រួសារជាមួយនឹងស្វាមីដែលនៅក្រៅរង្វង់សិល្បៈនៅឆ្នាំ ២០២០ ហើយពួកគេក៏ទទួលបានកូនប្រុសម្នាក់ជាចំណងដៃផងដែរ។
៤. Eugene
តារាស្រី Eugene បានសម្តែងជាតួអង្គស្រី Shin Yoo Kyung ។ Eugene បានបង្ហាញខ្លួននៅក្នុងរង្វង់សិល្បៈតាំងពីឆ្នាំ ១៩៩៧ មកម៉្លេះ ដោយជាសមាជិកនៅក្នុងក្រុមនារី S.E.S ដែលទទួលបានភាពល្បីល្បាញខ្លាំងនាសម័យនោះ។ មិនយូរប៉ុន្មាន បន្ទាប់ពីក្រុមត្រូវរំសាយ Eugene ក៏ងាកមកបន្តការងារសិល្បៈម្នាក់ឯង ថែមឆ្លៀតបន្ថែមអាជីពជាតារាសម្តែងថែមទៀតផង។ នៅក្នុងឆ្នាំ ២០១០ នាងក៏បានលេចមុខនៅក្នុងរឿងនំប៉័ងបញ្ចាំស្នេហ៍នេះ ដែលធ្វើឱ្យមានអ្នកស្គាល់នាងកាន់តែច្រើនមួយកម្រិតទៀត។ ដោយឡែកនៅឆ្នាំ ២០២១ នាងក៏បានរៀបការសាងគ្រួសារជាមួយនឹងតារាប្រុស Ki Tae Young ហើយក៏ទទួលបានកូនស្រីដ៏គួរឱ្យស្រឡាញ់ពីរនាក់ជាចំណងដៃផងដែរ។ យ៉ាងណាមិញ បើទោះបីក្លាយជាអ្នកម្តាយទៅហើយក្តី គេក៏នៅតែឃើញនាងបន្តលេចមុខក្នុងកញ្ចក់ទូរទស្សន៍ជារឿយៗផងដែរ ជាពិសេសគឺក្នុងរឿងភាគ «The Penthouse» ថ្មីៗនេះ ពោលគឺនាងមិនឃ្លាតពីជីវិតសិល្បៈនោះទេ៕