![ខួបកូនស្រី ១ ឆ្នាំ ឌី សូនីត្តា ទម្លាយអត្ថន័យខ្ទេច ដែលដាក់ឈ្មោះកូនស្រីថា Smile](https://brocheabrey.com/wp-content/uploads/2021/10/D.jpg)
ខួបកូនស្រី ១ ឆ្នាំ ឌី សូនីត្តា ទម្លាយអត្ថន័យខ្ទេច ដែលដាក់ឈ្មោះកូនស្រីថា Smile
ធ្មេចបើកៗ រយៈពេលមួយឆ្នាំមកហើយ ដែលតារាសម្តែង ឌី សូនីត្តា និង លោក អេឡិច ហ្សូរ៉ា ទទួលបានចំណងដៃកូនស្រីដ៏គួរឱ្យស្រឡាញ់ ព្រមទាំងមានឈ្មោះដ៏ពីរោះថា ហ្សូតា ម៉ីហាណា ហៅ អូន Smile ហើយនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ នេះ អូន Smile មានអាយុ ១ ឆ្នាំ ហើយ។
ជាការពិតបើទោះជាមិនទាន់បានចូលរោងការតាមប្រពៃណីក៏ពិតមែន តែអ្នកនាង ឌី សូនីត្តា និង លោក អេឡិច ហ្សូរ៉ា កំពុងតែរស់នៅលើគំនរសុភមង្គលរបស់អ្នកទាំង ២ ក្នុងនាមជាឪពុកម្តាយដ៏ល្អរបស់អូន Smile។ លើសពីនោះ តារាស្រីប្រុសមួយគូនេះ ក៏តែងតែបង្ហាញពីជីវិតយ៉ាងឥតខ្ចោះទាំងជីវិតប្តីប្រពន្ធ និង ជីវិតការងាររបស់ខ្លួនទៀតផង។
ដោយឡែកក្រឡេកមកមើលព្រឹកថ្ងៃកំណើតរបស់ អូន Smile ឯនោះវិញ បើមិនទាន់បានបង្ហាញពីការរៀបចំកម្មវិធីយ៉ាងណាក្តី តែអ្នកនាង ឌី សូនីត្តា បានទម្លាយអាថ៌កំបាំងមួយរបស់កូនស្រីរបស់ខ្លួន ព្រមទាំងបានរៀបរាប់អរគុណដល់លោក អេឡិច ហ្សូរ៉ា ដែលជាស្វាមីទៀតផង។
អ្នកនាង ឌី សូនីត្តា បានទម្លាយអត្ថន័យដ៏សំខាន់ ដែលអ្នកនាងបានដាក់ឈ្មោះហៅក្រៅកូនស្រីថា Smile យ៉ាងដូច្នេះថា៖ «រីករាយថ្ងៃកំណើតកូន «ញញឹម» @nita_meyhana_smile របស់ម៉ែ។ អរគុណ ដែលមកដើម្បីញញឹមជាមួយម៉ែ អរគុណដែលបានចូលមកជាពន្លឺក្នុងជីវិតម៉ែ។ អរគុណ ដែលបានព្រមដើរផ្លូវជាមួយម៉ែ។ ម៉ែដាក់ឈ្មោះកូនថា «ញញឹម» ព្រោះម៉ែចង់ឱ្យកូនក្លាយទៅជាមនុស្សម្នាក់ដែលពោរពេញដោយស្នាមញញឹមក្នុងជីវិតកូនផ្ទាល់ និង មនុស្សរាល់គ្នាដែលនៅជុំវិញកូន។ ម៉ែចង់ឃើញកូនមានស្នាមញញឹម ដែលអ្នកផងទាំងពួងប្រាថ្នាចង់បានស្នាមញញឹមមកនៅជាប់ខ្លួន។ ម៉ែពិតជារំភើបណាស់ដល់ថ្នាក់ហូរទឹកភ្នែក បន្ទាប់ពីឮសម្លេងកូនស្រីម៉ែយំជាលើកដំបូង នៅក្នុងសាលវះកាត់។ម៉ែខ្លាចគ្រប់សព្វក្នុងរយៈពេលជាង ៩ ខែដែលម៉ែពពោះ ម៉ែរំភើបគ្រប់ពេលដែលស្រម៉ៃឃើញដល់ថ្ងៃដែលម៉ែត្រូវសម្រាល។ ម៉ែទទួលស្គាល់ថា អម្រែកនេះវាពិតជាធ្ងន់លើសរឿងរ៉ាវ ដែលម៉ែធ្លាប់ឆ្លងកាត់ឧបសគ្គជាច្រើនរាប់មិនអស់ក្នុងជីវិតទៅទៀត ប៉ុន្តែអម្រែកមួយនេះវាមិនធ្វើឱ្យម៉ែមានវិប្បដិសារីទេ វាធ្វើឱ្យជីវិតម៉ែមានន័យដូចជីវិតថ្មីមួយទៀតដោយសារតែវត្តមានកូន»។
មិនត្រឹមតែប៉ុណ្ណោះ អ្នកនាង ឌី សូនីត្តា ក៏បានអរគុណ ដល់លោក អេឡិច ហ្សូរ៉ា ព្រមទាំងអ្នកមានគុណទាំងសងខាងដែរថា៖ «អរគុណ Daddy @johnalexora ដែលមិនដែលបោះបង់ចោលអូន អរគុណដែលយល់ចិត្ត អរគុណដែលសុខចិត្តចាញ់ អរគុណដែលសុខចិត្តដើរផ្លូវរួមគ្នា តស៊ូជាមួយគ្នា អរគុណអ្នកទាំងពីរដែលចូលមកព្យាបាលជម្ងឺផ្លូវចិត្តរបស់ខ្ញុំ អរគុណគ្រួសារដ៏តូចមួយនេះ។ រឹតតែមិនអាចរំលងបានដល់អ្នកម្តាយជាទីគោរពស្រលាញ់របស់កូន បើគ្មានអ្នកទេក៏គ្មានចៅស្រីដ៏ស្រស់ស្អាត និង ឆ្លាតម្នាក់នេះដែរ អរគុណអ្នកម្តាយទាំងសងខាង។ ថ្ងៃស្អែកខ្ញុំនឹងមានវីដេអូសំរាប់ទុកជាកាដូជូនអ៊ុំពូមីង ដែលជាវីដេអូខ្ញុំពពោះរហូតដល់សម្រាល ដែលខ្ញុំជំពាក់វីដេអូនេះ ១ ឆ្នាំហើយ ហើយក៏សូមអរគុណដល់បងប្អូនអ៊ុំពូមីងដែលស្រលាញ់គាំទ្រក្រុមគ្រួសារនាងខ្ញុំរហូតមក»៕