![(វីដេអូ) ភរិយា New Chaiyapol រំភើបចង់ហោះ ពេលបានជួបតារាប្រុសសំណព្វចិត្តនាង ក្នុងថ្ងៃមង្គល](https://brocheabrey.com/wp-content/uploads/2021/10/PM04PM.jpg)
(វីដេអូ) ភរិយា New Chaiyapol រំភើបចង់ហោះ ពេលបានជួបតារាប្រុសសំណព្វចិត្តនាង ក្នុងថ្ងៃមង្គល
ដូចដែលធ្លាប់បាននិយាយពីមុនរួចមកហើយ កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២១ គឺជាថ្ងៃពិសេសរបស់តារាសម្ដែងប្រុសរូបសង្ហា New Chaiyapol ជាមួយនិងអ្នកនាង Maysa Kittima ដែលជាកូនស្រីពៅរបស់អនុប្រធានក្រុមហ៊ុនខារ៉ាបាវគ្រុប បានប្តូរពាក្យជាសង្សារមកជាប្តីប្រពន្ធនឹងគ្នាស្របច្បាប់។
ក្នុងពិធីមង្គលនេះដែរ ក៏បានរៀបចំប្រារព្ធធ្វើឡើងនៅឯសណ្ឋាគារលំដាប់មួយកន្លែងក្នុងប្រទេសថៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ក្រុមគ្រួសារសាច់ញាតិទាំងសងខាង ជួយធ្វើជាសាក្សីនៃចំណងអាពាហ៍ពិពាហ៍មួយនេះ។
ដោយឡែកនៅថ្ងៃ ២៣ ខែតុលា ឆ្នាំ ២០២១នេះ បើតាមការបញ្ចេញតាមរយៈវីដេអូ Vlog របស់លោក New បង្ហាញឱ្យឃើញអំពីទិដ្ឋភាពសកម្មភាពទាំងស្រុងក្នុងថ្ងៃពិសេសរបស់លោក។ ឆ្លៀតក្នុងឱកាសនោះដែរ អំឡុងពេលរៀបចំតុបតែងខ្លួនក្នុងបន្ទប់កូនក្រមុំកូនកំលោះ ស្វាមីរបស់អ្នកនាង Maysa ធ្វើបានរឿងរំភើបចិត្តមួយជូនដល់នាង ដោយបានអញ្ជើញតារាប្រុសក្នុងសិល្បៈដែលជាសំណព្វចិត្តរបស់ភរិយា គឺលោក Nadech Kugimiya មកពញ្ញាក់អារម្មណ៍ភរិយារបស់លោកផ្ទាល់ ដោយធ្វើជាអ្នកបម្រើសេវាកម្មខាងម្ហូបអាហារក្នុងសណ្ឋាគារចូលជួបដល់ក្នុងបន្ទប់។
ភ្លាមនោះ អ្នកនាង Maysa មានការភ្ញាក់ផ្អើល និងរំភើបចិត្តយ៉ាងនឹកស្មានមកដល់ថា បានជួប Nadech ផ្ទាល់ក្នុងថ្ងៃពិសេសរបស់នាងទាល់តែសោះ។ ហើយអ្វីសំខាន់នោះគឺជាគម្រោងការរបស់ New តាំងពី ២ឆ្នាំមុនមកម្ល៉េះ ដោយបានស្នើសុំឱ្យ Nadech ចូលដៃក្នុងរឿងនេះ ព្រោះដោយសារតែ លោកជាតារាប្រុសក្នុងចិត្តរបស់ភរិយាលោកយូរមកហើយ៕
ទស្សនាវីដេអូខាងក្រោមនេះ៖