![ការពិតបទថ្មី DJ Snake ល្បីមានភ្លេងស្រដៀងបទ មាស សុខសោភា ក៏មាន Lisa ជាអ្នកនិពន្ធទំនុកច្រៀងដែរ](https://brocheabrey.com/wp-content/uploads/2021/10/Khom-1669.jpg)
ការពិតបទថ្មី DJ Snake ល្បីមានភ្លេងស្រដៀងបទ មាស សុខសោភា ក៏មាន Lisa ជាអ្នកនិពន្ធទំនុកច្រៀងដែរ
ប្រាកដជាមិនទាន់ស្ងប់ពីអារម្មណ៍របស់ប្រិយមិត្តនៅឡើយនោះទេ នូវការភ្ញាក់ផ្អើលរឿងបទចម្រៀងថ្មីរបស់កំពូលតារា DJ Snake មានចំណងជើង «SXY GIRL» ដែលមានទំនុកសាច់ភ្លេងស្រដៀងទៅនឹងបទ «Friday Night» របស់តារាស្រី មាស សុខសោភា នៅក្នុងផលិតកម្មថោន ដែលចេញតាំងពីឆ្នាំ ២០១៧ និង ត្រូវនិពន្ធ Melody និង ទំនុកច្រៀងដោយ ម៉ានិត វីរ៉ាយុត្ត និពន្ធ បទភ្លេងគឺលោក Tempo Tris នោះ ជាស្នាដៃកូនខ្មែរសុទ្ធសាធ។
ជាមួយគ្នានេះ មានមហាជននៅតាមបណ្តាញសង្គមជាច្រើន បានបញ្ចេញមតិយល់ឃើញចំពោះរឿងនេះតាមគំនិតរៀងៗខ្លួនផងដែរ ប៉ុន្តែអ្វីដែលធ្វើឱ្យគេរឹតតែភ្ញាក់ផ្អើលមិននឹកស្មាននោះគឺ បទ «SXY GIRL» នេះ ស្រីស្រស់ Lisa សមាជិកក្រុមនារី BLACKPINK មិនត្រឹមគ្រាន់តែសហការចូលរួមច្រៀងប៉ុណ្ណោះទេ តែនាងក៏មានមុខជាអ្នកចូលរួមនិពន្ធទំនុកច្រៀងក្នុងចម្រៀងនេះម្នាក់ថែមទៀតផង ជាហេតុធ្វើឱ្យគេប្រធានបទមួយនេះ កាន់តែមានភាពក្តៅគគុកក្នុងអារម្មណ៍របស់ប្រិយមិត្តមហាជនមួយចំនួនថែមទៅទៀត។
យ៉ាងណាមិញ ជុំវិញរឿងមួយនេះ នៅមិនមានការបកស្រាយណាមួយ ចេញមកជម្រះឱ្យអស់មន្ទិលឡើយ ដោយមហាជននៅតែបន្តបញ្ចេញមតិនេះនោះតាមការយល់ឃើញតទៅទៀតផងដែរ។ ហើយគេក៏មិននឹកគិតឡើយថា បទចម្រៀងល្បីដល់លំដាប់ថ្នាក់ពិភពលោកទាំងមូល បែរជាមកមានសាច់ភ្លេងស្រដៀងស្ទើរតែដូចជាមួយបទចម្រៀងខ្មែរយ៉ាងនេះឡើយ៕
សូមទស្សនាវីដេអូខាងក្រោម៖