![(វីដេអូ) ឃ្លាតសិល្បៈច្រើនឆ្នាំ ដាញ់ ម៉ូនីកា នៅតែនឹករឭកការសម្ដែង រហូតធ្វើរឿងនេះចំពោះមុខមហាជន](https://brocheabrey.com/wp-content/uploads/2021/10/437.jpg)
(វីដេអូ) ឃ្លាតសិល្បៈច្រើនឆ្នាំ ដាញ់ ម៉ូនីកា នៅតែនឹករឭកការសម្ដែង រហូតធ្វើរឿងនេះចំពោះមុខមហាជន
បើគិតមកទល់ពេលនេះ អតីតតារាសម្ដែង ដាញ់ ម៉ូនីកា បានឃ្លាតឆ្ងាយពីវិស័យសិល្បៈអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ពោលគឺចាប់តាំងពីអតីតតារាស្រីរូបនេះ បានរៀបការតាមប្រពៃណីជាមួយលោក ប៊ុន ថែល ដែលជាស្វាមីកាលពីកំឡុងចុងខែកុម្ភៈ ឆ្នាំ ២០១០ មក និង បានសម្រេចចាកចេញពីស្រុកកំណើតទៅសាងគ្រួសារជាមួយស្វាមីនៅប្រទេសអូស្រ្តាលី។
ជាច្រើនឆ្នាំកន្លងទៅនេះ អតីតតារាសម្ដែងស្រីរូបនេះ សាងជីវិតគ្រួសារជាមួយស្វាមីលើទឹកដីអូស្រ្ដាលីទទួលបានកូនប្រុសស្រីចំនួន ២ នាក់ ហើយគេតែងឃើញអ្នកនាងបង្ហាញសកម្មភាពផ្សេងៗជាមួយគ្រួសារយ៉ាងមានសុភមង្គល ព្រមទាំងកំពុងកាន់កាប់មុខជំនួញលក់ផលិតផលតាមអនឡាញយ៉ាងកាក់កបផងដែរ។
ថ្វីដ្បិតតែ តួឯកស្រីក្នុងរឿងខ្មែរដ៏ល្បីល្បាញ «ទុំទាវ» រូបនេះ លាពីសិល្បៈ និង ឃ្លាតឆ្ងាយពីស្រុកកំណើតទៅសាងគ្រួសារលើទឹកដីប្រទេសក្រៅជាច្រើនឆ្នាំក៏ពិតមែន ប៉ុន្តែជារឿយៗ មហាជនតែងឃើញ អ្នកនាងបង្ហាញពីក្ដីនឹករឭកស្រុកកំណើត ជាពិសេសវិស័យសិល្បៈសម្ដែង តាមរយៈការបង្ហោះសារ និង សកម្មភាពផ្សេងៗលើបណ្ដាញសង្គមរបស់អ្នកនាង។
ជាក់ស្ដែងថ្មីៗនេះ គេក៏បានឃើញអតីតតារាសម្ដែងស្រីរូបនេះ បានបញ្ចេញសកម្មភាពមួយលើបណ្ដាញសង្គម បង្ហាញពីសេចក្ដីនឹករឮកខ្លាំងដល់វិស័យសម្ដែងខ្សែភាពយន្តរបស់អ្នកនាង ដែលតាមរយៈការឡាយវីដេអូ អ្នកនាងបានតុបតែងខ្លួន និង លើកយកសាច់រឿងបុរាណខ្មែរ ដែលអ្នកនាងដើរជាតួអង្គឯកស្រី មានរឿង «កែវណាម៉ាធីតាមុខសេះ» និង រឿង «ទុំទាវ» សម្ដែងជូនមហាជននៅក្នុងការឡាយវីដេអូ មុននឹងអ្នកនាងឡាយលក់ផលិតផល។
ជាមួយគ្នានោះ ក្រោយពីបានឃើញ អតីតតារាស្រីរូបនេះ បង្ហាញពីក្ដីនឹករឮកតាមរយៈសកម្មភាពទាំងនេះ មានមហាជនអ្នកគាំទ្រដែលនិយមតាមដានអ្នកនាងជាច្រើន បានធ្វើការស្ងើចសរសើរដល់អ្នកនាងយ៉ាងខ្លាំង ចំពោះទឹកចិត្ត អតីតតារាស្រីរូបនេះ ទោះបីឃ្លានឆ្ងាយពីសិល្បៈច្រើនឆ្នាំមែន ប៉ុន្តែនៅតែមិនភ្លេច និង ជួយសើកស្ទួយវិស័យភាពយន្តខ្មែរ៕
សូមទស្សនាវីដេអូខាងក្រោម៖