![ពុទ្ធោ! ទើបសម្រាលកូនបាន ៤ ថ្ងៃ ប្អូនថ្លៃស្រី ខាត់ សុឃីម បាត់បង់ជីវិតទាំងវ័យក្មេងដោយសារជំងឺសាហាវនេះ](https://brocheabrey.com/wp-content/uploads/2021/10/414.jpg)
ពុទ្ធោ! ទើបសម្រាលកូនបាន ៤ ថ្ងៃ ប្អូនថ្លៃស្រី ខាត់ សុឃីម បាត់បង់ជីវិតទាំងវ័យក្មេងដោយសារជំងឺសាហាវនេះ
នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២១ នេះ មហាជនលើបណ្ដាញសង្គមមានការស្លុតចិត្តជាខ្លាំង ក្រោយបានឃើញ តារាស្រី ខាត់ សុឃីម បង្ហោះសារយ៉ាងរំជួលចិត្ត ដោយប្អូនថ្លៃស្រីជាទីស្រឡាញ់របស់អ្នកនាង ត្រូវជាភរិយារបស់ប្អូនប្រុសបង្កើតរបស់អ្នកនាងគឺ លោក ខាត់ យៃ បានទទួលមរណភាពដោយសារតែជំងឺកូវីដ-១៩។
បើយោងតាមការបង្ហោះសាររបស់ក្រុមគ្រួសារត្រកូលខាត់បានឱ្យដឹងថា ប្អូនថ្លៃស្រី របស់តារាស្រីរូបនេះ ឈ្មោះ លីម ស្រីណែត បានទទួលមរណភាពនៅយប់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង ៨:៣០ នាទី ដោយសារតែជំងឺកូវីដ-១៩។
ជាមួយគ្នានោះ អ្វីដែលធ្វើឱ្យក្រុមគ្រួសារសាច់ញាតិ មិត្តភក្តិ និងមហាជន កាន់តែមានការសោកស្ដាយអាឡោះអាល័យយ៉ាងខ្លាំង និងមានការខ្លោចចិត្តអាណិតជាពន់ពេក ចំពោះមរណភាពរបស់ប្អូនថ្លៃស្រីរបស់ តារាស្រីរូបនេះ ព្រោះតែនាងទើបតែបានសម្រាលកូនបាន ៤ ថ្ងៃ ពោលគឺនៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២១ ហើយ នាងក៏បានបាត់បង់ជីវិតយ៉ាងរហ័សក្នុងវ័យទើបតែ ៣១ ឆ្នាំ ចាកចោលស្វាមីជាទីស្រឡាញ់ និងកូនទាំងពីរ នៅថ្ងៃទី ១៣ ខែតុលា ឆ្នា ២០២១។
ទន្ទឹមនឹងនេះ ក្រោយពីទទួលដំណឹងមរណភាពនេះភ្លាម មហាជនអ្នកលេងបណ្ដាញសង្គម ក៏ដូចជាសិល្បករ-ការិនីជាច្រើន បានសម្ដែងនូវការសោកស្ដាយជាពន់ពេក និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះចំពោះក្រុមគ្រួសារត្រកូលខាត់ផងដែរ៕